សិង្ហបូរី នឹងជួយបង្វឹកក្រុមជម្រើសជាតិកម្ពុជាវិញ្ញាសារ Water Polo ត្រៀមស៊ីហ្គេម ២០២៣

0
5

តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជា ភាគីសិង្ហបុរីបានសន្យាបន្តជួយគាំទ្របច្ចេកទេស ហើយនឹងបញ្ជូនគ្រូមកបង្វឹកកីឡាករកម្ពុជាលើជំនាញកីឡាបាល់គប់ក្នុងទឹក (Water Polo) ដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៉ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ក្រោយបញ្ចប់ជំនួប ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលខាធិការក្រសួងទេចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ភាគីសិង្ហបុរីបានសន្យាបង្កើនការបង្វឹក និងបង្កើនគុណផលកីឡាបាល់គប់ក្នុងទឹក (Water Polo) ដែលសិង្ហបុរីមានកម្រិតបច្ចេកទេសល្អ និងមានឧត្តមភាពក្នុងតំបន់ដែរ។ ឯកឧត្ដមអគ្គលេខាធិការបានបន្តថា ចំពោះកីឡាបាល់គប់ក្នុងទឹកនៅកម្ពុជានេះ គឺស្ថិតក្រោមសហព័ន្ធកីឡាហែលទឹកកម្ពុជា ដែលមានឯកឧត្ដមទេសរដ្ឋមមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន ។

ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា កន្លងមក សហព័ន្ធកីឡាហែលទឹកកម្ពុជាបានរៀបចំក្រុមកីឡាករដើម្បីត្រៀមចូលរួមហ្វឹកហាត់ជាមួយគ្រូជំនាញមកពីសិង្ហបុរីម្នាក់ (អតីតកីឡាករដ៏ល្បីរបស់សិង្ហបុរី) ដែលនឹងបញ្ជូនមកពេលក្រោយ ហើយនឹងមានការជួយគាំទ្រផ្នែកបច្ចេកទេសពីសិង្ហបុរី ក្នុងនោះក៏នឹងបញ្ជូនកីឡាករកម្ពុជាទៅហ្វឹកហាត់នៅសិង្ហបុរីផងដែរ ។

បើតាមឯកឧត្ដមអគ្គលេខាធិការ ការជួយគាំទ្រពីភាគីសិង្ហបុរីនេះគឺមានសារសំខាន់ណាស់សម្រាប់កីឡាករកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣ ។

ឯកឧត្ដម វ៉ាត៉ ចំរើន បានបន្តទៀតថា ក្រៅពីកីឡាបាល់គប់ក្នុងទឹកនេះ ភាគីសិង្ហបុរីក៏បានសន្យាជួយបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទាត់លើក្ដារ (Teqball) ដល់កម្ពុជាទៀតដែរ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីកីឡាសម្ដែង (មិនមែនជាកីឡាប្រកួតទេ) ៕

 

ប្រភព ៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia