Oppo A77 4G ប្រើកាមេរ៉ាមេ 50MP ថ្មធំ អេក្រង់ធំ តម្លៃត្រឹម ១៩៥ដុល្លារ

0
7

ក្រុមហ៊ុន Oppo បានប្រកាសចេញស្មាតហ្វូនក្នុងត្រកូល A-series ថ្មី សម្រាប់ទីផ្សារប្រទេសឥណ្ឌា ដោយហៅថា Oppo A77 4G។

វាគឺជាស្មាតហ្វូនកម្រិតថវិកាថ្មី ដែលប្រើអេក្រង់ទំហំ ៦,៥៦អ៊ីញ IPS LCD, មានបំពាក់បន្ទះឈីប Helio G35 និងកាមេរ៉ាមេទំហំ 50M។

គួររំលឹកឲ្យដឹងដែរថា Oppo ធ្លាប់បានចេញម៉ូដែល A77 5G កាលពីខែមិថុនាកន្លងទៅ ដែលវាមានបំពាក់បន្ទះឈីប Dimensity 810 និងល្បឿនអេក្រង់ 90Hz refresh rate។

ដោយឡែក ស្មាតហ្វូន Oppo A77 4G ប្រើអេក្រង់ទំហំ ៦,៥៦អ៊ីញ ជាបន្ទះ IPS LCD ជាមួយនឹងកម្រិតបង្ហាញរូបភាព HD+ ហើយមានល្បឿនអេក្រង់ 60Hz refresh rate និង ឆកដំណក់ទឹកមួយសម្រាប់កាមេរ៉ាមុខទំហំ 8MP។ ចំណែកឯខ្នងខាងក្រោយរបស់វាវិញ មានបំពាក់កាមេរ៉ាមេទំហំ 50MP និងកាមេរ៉ាវាស់ជម្រៅទំហំ 2MP។

ស្មាតហ្វូននេះមានបំពាក់អាវក្រោះការពារធូលីដី​ IP5X និងការពារទឹក IPX4 ខណៈបន្ទះឈីប Helio G35 របស់វាដំណើរការជាមួយ RAM 4GB និងទំហំផ្ទុក 64GB ដែលអាចញាត់បន្ថែម microSD card បាន។

Oppo A77 4G បំពាក់ថ្មទំហំ 5000mAh ដែលគាំទ្រល្បឿនសាក 33W ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ ColorOS 12.1 លើ Android 12។

Oppo A77 4G មានជម្រើសពណ៌ទឹកក្រូច Sunset Orange និងពណ៌ខៀវ Sky Blue ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ១៩៥ដុល្លារប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសឥណ្ឌា៕

ដោយ ៖​ យ៉ាយ៉ា

ប្រភព ៖ gsmarena