ដំណឹងរីករាយ ! សម្តេចតេជោ ប្រកាសលុបចោល គម្រោងអភិវឌ្ឍន៍ក្បែរសួនសត្វភ្នំតាម៉ៅ

0
13

កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ នេះ រដ្ឋបាលព្រៃឈើ ​បានចេញសេចក្ដីប្រកាស​ព័ត៌មាន ​អំពីគម្រោងនៃការអភិវឌ្ឍន៍នៅតំបន់​ព្រៃ​ភ្នំតា​ម៉ៅ ។ ដោយបានបញ្ជាក់ថា ​តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើ​មួយដែលមានដំណុះឈើ​ដាំប្រភេទអាកាស្យា ​ប្រេងខ្យល់ និង ​ឈើធម្មជាតិ ដែលតំបន់នេះពោរពេញ​ទៅដោយដីខ្សាច់ ​ដំណុះឈើមិនមានការ​លូតលាស់ល្អទេ ​ទើបរដ្ឋាភិបាលសម្រេចយកតំបន់​នេះសម្រាប់ធ្វើការអភិវឌ្ឍ ​ដោយសារជា​តំបន់​មួយ​ដែល​នៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និង កៀកតំបន់ទេសចរណ៍ទន្លេបាទី ។

ក្នុងនោះដែរមានប្រតិកម្មជាច្រើនជុំវិញបញ្ហាគម្រោងអភិវឌ្ឍន៍មួយនេះ ដែលបានធ្វើឱ្យមានការលើកឡើងនិងវែកញែកនានា ក្នុងន័យចង់ឱ្យលុបបំបាត់គម្រោងនេះ ដើម្បីរក្សាព្រៃដែលនៅជុំវិញ តំបន់សួនសត្វភ្នំតាម៉ៅ ។

យ៉ាងណាមិញ នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២ នៅលើគេហទំព័រផ្លូវ​ការរបស់សម្តេច ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា ​បានបង្ហោះសារ​ជូន​ដំណឹង​ដល់​សាធារណជនថា៖ ​«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមាន​សំណូមពរជាច្រើន​មក​រាជរដ្ឋាភិបាល​ដើម្បីរក្សាទុកព្រៃ​នៅក្បែរសួន​​សត្វភ្នំ​តាម៉ៅ ​​ទោះបីក្រសួងកសិកម្មបាន​ពន្យល់ថាសួនសត្វភ្នំតាម៉ៅ​មិនមានប៉ះពាល់ក៏ដោយ។ ​ក្នុងនាមជាអ្នកទទួលខុស​ត្រូវខ្ពស់​បំផុតនៃរាជរដ្ឋាភិបាល​ខ្ញុំសូមចេញបញ្ជា៖

១. លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និង អភិវឌ្ឍ។

២. រក្សាទុកដី និង ព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និង អភិរក្សដោយក្រសួងកសិកម្ម។

៣. ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និង ត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។

សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា»

ប្រភព ៖ សម្តេចតេជោ