និស្សិតមួយក្រុម​បង្កើត​យុទ្ធនាការ​ឌីជី​ថល “In The Pink” ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​សុខ​ភាព​ផ្លូវ​ចិត្ត​ស្រ្ដី​មាន​ផ្ទៃ​ពោះ​

0
140
{"origin":"gallery","uid":"7BDFD426-696F-46EB-B981-3918621CA392_1614522276099","source":"other"}
កញ្ញា ញាណ វិភាវី តំណាងក្រុមយុវជនដែលបានបង្កើតយុទ្ធនាការ “In The Pink” ។

ស្រ្ដីមាន​ផ្ទៃ​ពោះ​​​គ្រប់រូប​តែង​តែ​ចង់​ឱ្យ​​កូនរបស់​ខ្លួន​​​មាន​សុខ​ភាព​ល្អ ទាំង​ពេល​​នៅ​ក្នុង​ផ្ទៃ​និង​ពេល​សម្រាល​រួច​ ពី​ព្រោះ​ពួកគេ​គិត​ថា​វា​ជា​រឿង​សំខាន់​បំផុត​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ប៉ុន្តែ​មានបញ្ហាជាច្រើនដែល​ពួក​គេ​មិន​សូវជា​យក​ចិត្តទុក​ដាក់​ប៉ុន្មានទេ​​។ បញ្ហា​ដែល​ស្រ្តី​ពរ​ពោះបាន​​ជួប​មាន​ដូច​ជា អារម្មណ៍​ស្មុគស្មាញ​​ដែល​កើត​ឡើង​មិន​ដឹង​មូល​ហេតុ​ មិន​សូវ​ចង់​ទទួល​ទាន​អាហារ​ ម៉ូ​ម៉ៅច្រើន និង​គេង​មិន​ស្កប់ស្កល់​ ដែល​បញ្ហា​ទាំង​អស់នេះ​គឺ​សុទ្ធ​តែ​ជា​កត្ដា​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​របស់​ពួក​គេ​។ ដោយ​ឡែក​ ជំងឺ​​បាក់​ទឹក​ចិត្ត​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​មិន​សូវ​​​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​ទេ​​។​

ដើម្បី​​លើក​ស្ទួយ​​ការ​យល់​ដឹងអំ​​ពីជំងឺ​បាក់​ទឹកចិត្ត​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ និស្សិត​មួយ​ក្រុម​​បាន​សម្រេច​ចិត្ត​បង្កើត​​យុទ្ធនា​ការ «In The Pink» ក្រោម​ការ​ឧបត្ថម​របស់​ ជំនួយ​មូល​និធិ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​កម្ពុជា​។ «In The Pink» ​គឺ​ជា​យុទ្ធនាការ​បែប​ឌីជី​ថល​ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សុខ​ភាព​ផ្លូវ​ចិត្ត​ស្រ្ដី​មាន​ផ្ទៃ​ពោះ​ និង​បង្កើន​ទំ​នាក់​ទង​របស់​ពួក​គេ​ និង​ដៃ​គូរ។​

កញ្ញា​ ញាណ វិភាវី​ ដែល​ជាតំណាង​ក្រុម​មាន​សមាជិក​ ៥នាក់​ រួម​មាន​ កញ្ញា សុខ ម៉ូលីនណា កញ្ញា​ ម៉ៅ ស្រីពេជ្រ កញ្ញា​ ហាប់ ម៉ូនីកា និង​លោក ឃុន សុភារៈ​​​ បាន​ដឹក​នាំ​ក្រុម​​នេះ​ឡើង​​​ដើម្បី​ពាំ​នាំ​យក​នូវ​បញ្ហា​នេះ​មក​ពិភាក្សា​។

កញ្ញា​ វិភាវី​ បាន​រៀបរាប់​​ប្រាប់​ Akhara.co ថា ​«យុទ្ធ​នាការ​នេះ​បង្កើត​ឡើង​ដើម្បី​លើក​ស្ទួយ​ឱ្យ​អ្នក​ម្ដាយ​ចាប់​អារម្មណ៍​ទៅ​លើ​ផ្លូវ​ចិត្ត​របស់​ពួក​គាត់​ ​ ​ជា​ទូទៅសឹង​តែ​ភាគ​ច្រើនអ្នក​ដែល​ចាប់​ផ្ដើម​មាន​កូន​អី​ហ្នឹង​ នៅ​ពេល​គាត់​ពិនិត្យ​សុខ​ភាព​ ពួក​គាត់​ពិនិត្យ​មើ​ល​តែ​សុខ​ភាព​ផ្លូវ​កាយ​ពួក​គាត់​ទេ​ ពួក​គាត់​មិន​សូវ​បាន​មើ​ល​ផ្លូវ​ចិត្ត​ទេ​»។​

យុទ្ធ​នាការ​​នេះ​​​ទើប​តែ​ចាប់​ផ្ដើម​បាន​រយៈ​ពេល​ ៤​សប្ដាហ៍​ទេ​ ប៉ុន្តែ​ឃើញ​ថា​មាន​អ្នក​គាំ​ទ្រ​នៅ​លើ​ទំ​ព័រ​ហ្វេស​បុក​រហូត​ដល់​ទៅ​ ៨០០នាក់​ជាង​ឯ​ណ្ណោះ​ ទន្ទឹម​នឹង​នេះ​ដែរ​ កញ្ញា​ វិភាវី​ ដែល​ជា​និស្សិត​នៃ​ដេប៉ា​តឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​សារ​គមនាគមន៍​ បាន​យល់​ឃើញថា​នៅ​មិន​ទាន់​ផ្សព្វ​ផ្សាយ​ទូលំ​ទូ​លាយ​នៅឡើយ​ទេ​។ រី​ឯ​សកម្មភាព​ដែល​យុទ្ធនា​​ការ​នេះ​បាន​ធ្វើ​កន្លង​មក​មាន​ដូច​ជា​ ការ​បង្ហាញ​នូវ​ខ្លឹមសារ​សំខាន់​ៗ​ក្នុង​​វី​ដេអូ ដែល​បាន​សម្ភាស៍​ជាមួយ​នឹង​គ្រូពេទ្យ​ឯក​ទេស​ជា​ដើម​។​

ក្រុមនិស្សិតបង្កើតយុទ្ធនាការ “In The Pink” ។ កញ្ញា ញាណ វិភាវី កញ្ញា សុខ ម៉ូលីនណា កញ្ញា ម៉ៅ ស្រីពេជ្រ និង លោក ឃុន សុភារៈ (ឆ្វេង-ស្ដាំ)) រូបភាព​ដោយ​៖ ទំព័រ​ហ្វេសបុក Angkor Photo Festival and Workshops

កញ្ញាបាន​បន្ត​ថា​ «យុទ្ធនាការ​របស់​ពួក​យើង​ថ្មី​ អ៊ី​ចឹងត្រូវ​ការចំណាយ​​ពេល​យូរទម្រាំ​តែ​ឱ្យ​សារ​របស់​ពួក​យើង​បាន​ទៅ​ដល់​ពួក​គាត់​ទូ​លំ​ទូ​លាយ»។

យុវតី​រូប​នេះ​ក៏​មាន​គម្រោង​បន្ត​បន្ទាប់​ទៀត​ដែរ​ ទាក់​ទង​នឹង​ការ​បន្ត​ធ្វើ​យុទ្ធនាការ​ដើម្បី​លើក​កម្ពស់​សុខ​ភាព​ផ្លូវ​ចិត្ត​ ដែល​ក្នុង​នោះ​ក្រៅ​ពី​ផ្ដោត​សំខាន់​ទៅ​លើ​ស្រ្ដី​ពរ​ពោះ យុទ្ធនាការ​នេះ​ក៏​នឹង​ផ្តោត​ទៅ​លើ​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​ស្រ្ដី​ភេទ​ផង​ដែរ។

លើសពី​នេះ​ទៀត​ មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយក្នុង​ប្រទេស​កម្ពុជា​ ​ដែល​បានផ្តោតទៅ​លើខេត្តពោធិ៍សាត់ និង​ផ្អែកលើការសម្ភាស៍ជាមួយស្ត្រីចំនួន ២៩៧ នាក់ បាន​បង្ហាញថា​រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តនិងការថប់បារម្ភត្រូវបានគេរកឃើញលើ​ស្ត្រី ១៧,៨ ភាគរយ ខណៈ ៩,៨ ភាគរយបាន​រក​ឃើញ​មាន​រោគសញ្ញានៃការថប់បារម្ភ។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវដែល​ធ្វើ​ឡើង​ដោយ​ អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) អ្នកស្ម័គ្រចិត្ត សេវាកម្មក្រៅប្រទេស (VSO) និងមជ្ឈមណ្ឌលសម្ព័ន្ធសុខ​ភាព​កុមារ​ និង​ សុខ​ភាព​បន្ត​ពូជ​ (RACHA)។​

ការ​សិក្សា​នេះ​បាន​កំ​ណត់​កត្តា​ហានិភ័យ​មួយ​ចំនួន​រួម​មាន​ ភាព​ក្រី​ក្រ​ ការ​មាន​ផ្ទៃ​ពោះ​មិន​បាន​គ្រោង​ទុក ​ប្រវត្តិនៃការរំលូតកូន ​ការបាត់បង់កូនដោយសារ​ជំងឺ ឬមរណភាពរបស់សមាជិកគ្រួសារ ជម្លោះអាពាហ៍ពិពាហ៍និងប្រវត្តិនៃបញ្ហាសុខភាពផ្លូវចិត្ត។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ទំ​ព័រ​ហ្វេស​បុក​ https://www.facebook.com/inthepinkkh

អត្ថបទដោយ៖ បៀន សីនៈ