កម្ពុជា ទាក់ទាញបានជំនួយពី World Travel and Tourism Council ដើម្បីគាំទ្រដល់ការស្ដារទេសចរណ៍ជាតិ

0
8

កម្ពុជាបានពិភាក្សាជាមួយស្ថាប័នក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក (World Travel and Tourism Council) ព្រមទាំងទាក់ទាញបានជំនួយបច្ចេកទេស ការបន្តកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ជាតិ និងការជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។

ការសន្យាជួយគាំទ្រនេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ស្យូលា ស៉ីមផ៍សុន (Julia Simpson) ប្រធាននិងជានាយិកាប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក នាឱកាសដែលឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ (World Tourism Day 202) នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ។

នាឱកាសពិភាក្សានោះ ភាគីទាំងពីរបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកន្លងមកលើវិស័យទេសចរណ៍។ យោងតាមកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្របតាមសំណើរបស់កម្ពុជា ប្រធានក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោកបានសន្យាផ្ដល់ជំនួយបច្ចេកទេសជួយរៀបចំគណនីរណបទេសចរណ៍ (Tourism Satellite Account) ដើម្បីវាស់វែងអត្ថប្រយោជន៍សេដ្ឋកិច្ចពីវិស័យទេសចរណ៍នៅកម្ពុជា ។

លោកស្រី ស្យូលា ស៉ីមផ៍សុន បានកត់សម្គាល់អំពីការចូលរួមដ៏សំខាន់របស់វិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចកម្ពុជា ហើយបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក វិស័យទេសចរណ៍និងធ្វើដំណើរកម្ពុជាមុនវិបត្តិកូវីដ១៩ ឆ្នាំ២០១៩ ចូលរួមក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាង២៥% ។

ឯកឧត្ដម ថោង ខុន បានបញ្ជាក់ជូនក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោកថា រយៈពេល៩ខែដើមឆ្នាំ២០២២នេះ ទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាអាចឈានដល់១.២៥លាននាក់ ក្នុងកំណើន៨៥០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ៕

ប្រភព ៖ ក្រសួងទេសចរណ៍