មន្រ្តីជំនាញក្រសួងសាធារណៈការ ចុះពិនិត្យ ពន្យល់ណែនាំ និង ដោះស្រាយបញ្ហានានា នៅតាមបណ្តោយផ្លូវល្បឿនលឿន ដើម្បីបង្ការគ្រោះថ្នាក់

0
11

កាលពីពេលកន្លងទៅនេះ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអ្នកតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ (PPSHV Expressway Cambodia Co.,Ltd) បានអញ្ជើញចុះពិនិត្យទីតាំង ដែលទទួលរងការកាត់របងបន្លាលួសការពារផ្លូវ ជាហេតុធ្វើឱ្យមានបញ្ហាមួយចំនួនបានកើតឡើងនាពេលថ្មីៗនេះ ។

ទាក់ទងនឹងករណីនេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះទៅដល់ទីតាំងផ្ទាល់ ហើយធ្វើការពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យបញ្ឈប់នូវសកម្មភាពកាត់របងបន្លាលួសនេះបន្តទៀត ព្រោះវាគឺជាទង្វើមួយដែលមិនត្រឹមត្រូវ និងអាចបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនបាន ។

ក្នុងការចុះពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋនេះ ថ្នាក់ដឹកនាំក្រសួងក៏បានទទួលយកនូវមូលហេតុដែលប្រជាពលរដ្ឋបានលើកឡើង យកមកពិចារណា និងធ្វើពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ។ នៅក្នុងស្មារតីដោះស្រាយជូនប្រជាពលរដ្ឋ ភាគីក្រសួង និងក្រុមហ៊ុនបានឯកភាពជួយសម្រួលឈូសឆាយផ្លូវដែលមានស្រាប់ជូនពួកគាត់ និងបានធ្វើការណែនាំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឆក់យកអាយុជីវិតពួកគាត់ផង និងអ្នកធ្វើដំណើរតាមផ្លូវផង ។

គួរបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ នេះ ៕

ប្រភព ៖ ក្រសួងសាធារណៈការ