លទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅ កោះបាលី ប្រទេសឥណ្ឌូណេស៊ី

0
5

ថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹក ជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨ និង កិច្ចប្រជុំពាក់ព័ន្ធនានានៅកោះបាលី សាធារណៈរដ្ឋឥណ្ឌូណេស៊ី ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖

  1. ពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្តដឹកជញ្ជូន កូឡាឡុំពូរ ២០១៦-២០២៥ (Kuala Lumpur Transport Strategic Plan 2016-2025, KLTSP-2025)
  2. កំណត់ទិសដៅ និងផែនការសកម្មភាពសម្រាប់ការអនុវត្តផែនការ KLTSP-2025 នៅក្នុងឆ្នាំ២០២៣ និង
  3. ពិនិត្យសម្រេចលើរបាយការណ៍នៃកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥៤ ដែលទើបបញ្ចប់ ថ្មីៗ ។

កិច្ចប្រជុំពេញអង្គនៃរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨នេះ បានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូនទាំងអស់រួមមាន ៖

  1. ការដឹកជញ្ជូនផ្លូវ អាកាស
  2. ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ
  3. ការដឹកជញ្ជូនផ្លូវគោក
  4. ការសម្របសម្រួលការ ដឹកជញ្ជូន និង
  5. ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៨នេះ រដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរគឺ៖

  1. កិច្ចព្រមព្រៀងអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការរុករក និងសង្រ្គោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ (The ASEAN Agreement on Aeronautical and Maritime Search and Rescue Cooperation, SAR) និង
  2. កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង សហភាពអ៊ឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន(The ASEAN-EU Comprehensive Air Transport Agreement, AE CATA) ៕

ប្រភព ៖ ក្រសួងសាធារណៈការ