កម្ពុជា-ទីម័រខាងកើត ធ្វើវេទិកាធុរកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម

0
6

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វ៉ីតែលភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Joseé Manuel Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ។ បានរៀបចំវេទិកាធុរកិច្ចលើកទីមួយស្ដីពីទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ប្រជាជនពិតជាពេញចិត្តនឹងការរីកចម្រើនគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ទីម័រខាងកើតលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើតនឹងជំរុញកិច្ចសហប្រតិបត្តិការទៅកម្រិតបន្ទាប់ទៀត ។

ឯកឧត្ដមបានបន្តថា កាលពីម្សិលមិញឯកសារចំនួនពីរច្បាប់ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ គឺកិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនផ្លូវអាកាស និងអនុស្សរណៈយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ។ ទាំងអស់នេះនឹងបើកឱកាសបន្ថែមទៀតសម្រាប់ការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន រួមទាំងវិស័យទេសចរណ៍ផងដែរ ៕

ប្រភព ៖ ក្រសួងទេសចរណ៍