សម្តេចតេជោ ចុះផ្ទាល់ចែកស្រូវពូជជាង ៥០០តោន និងស្បៀង ជូនប្រជាកសិករ ៥ពាន់គ្រួសារ នៅបន្ទាយមានជ័យ

0
6

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ។

នៅថ្ងៃនោះដែរ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋទាំអស់នាពេលនេះ ដែលព្រះអង្គទាំងទ្វេតែងយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តបន្ទាយមានជ័យ ដែលបានខិតខំជួយប្រជាពលរដ្ឋពេលជួបនូវគ្រោះទឹកជំនន់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចបានទុកអង្ករចំនួន ១០០តោន និងថវិកា ១០ម៉ឺនដុល្លារ សម្រាប់ឱ្យអាជ្ញាធរខេត្តទុកចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។

តាមរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ក្រុង ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារ ស្មើនឹងប្រមាណ ៦៥,៦៨៨នាក់ ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ដំឡូងមី ២,៨៩៩ហិកតា ដំណាំរួមផ្សំ ១២៨ហិកតា សត្វពាហនៈ ២,៨៦៧ក្បាល សាលារៀន៧៥ វត្ត៣៨ មណ្ឌលសុខភាព៧ និងផ្លូវ ៨០២កន្លែង មានប្រវែង ៤០៦,២៩៥ម៉ែត្រ។ កន្លងមកនេះ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត បានធ្វើសកម្មភាពសស្រាក់សស្រាំចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិច និងជួយដោះស្រាយបញ្ហាផ្សេងៗជាបន្តបន្ទាប់ ៕

   ប្រភព ៖ SPM Page