សម្តេចតេជោ ជួបសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីតំបន់អង្គរ ទៅតំបន់ពាក់ស្នែង

0
10

កាលពី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង ។

សម្តេចតេជោបានមានប្រសាសន៍ផ្តាំទៅប្រជាពលរដ្ឋរើទៅនៅពាក់ស្នែងថា បើដីធ្វើមិនទាន់រួច ហើយគ្មានអ្នកទៅដឹកទេ កុំទាន់ចេញពីលំនៅឋានចាស់។សម្តេចតេជោបានថ្លែងថា ដីចែកជូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងពាក់ស្នែង មិនមែនជាដីសង្គមកិច្ចទេ គឺជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ។

តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕

 ប្រភព ៖ SPM Page