ខេត្តរតនៈគិរីប្រកាសជ្រើសរើស ក្របខណ្ឌមន្ត្រីនគរបាលជាតិ ១២១ នាក់

0
14

ស្នងការនគរបាលជាតិប្រចាំខេត្តរតនគិរី បានធ្វើសេចក្ដីប្រកាសជូនដំណឹងដល់សិស្ស និសិ្សតទាំងពីរភេទ និង សាធារណជនឱ្យបានដឹងថា ស្នងការនឹងធ្វើការប្រឡងជ្រើសរើសក្របខណ្ឌមន្រ្តីនគរបាលជាតិប្រចាំឆ្នាំ ២០២២ សរុបចំនួន ១២១ នាក់ ឱ្យចូលបម្រើការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ។

យោងតាមសេចក្ដីជូនដំណឹង លក្ខខណ្ឌនៃការជ្រើសរើសគឺ សម្រាប់សិស្ស និស្សិតទាំងពីរភេទដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិសាស្រ្ត ដែលមានការជ្រើសរើស ឬ នៅជិត ហើយមានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ និង មិនធ្លាប់មានទោស។ រីឯសុខភាពគឺត្រូវតែល្អ កាយសម្បទាមាំមួន កម្ពស់ ១.៦៥ ម៉ែត្រឡើង (បុរស) នារី ១.៥៥ ម៉ែត្រឡើង ដោយមានទម្ងន់សមមាត្រនឹងកម្ពស់ ដោយឡែកកម្រិតវប្បធម៌ជាតិគឺមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រដែលមានតម្លៃស្មើនេះឡើងទៅ។ ចំណែកឯវិញ្ញាសារប្រឡងគឺ វិញ្ញាសារចំណេះដឹងទូទៅ។

សូមបញ្ជាក់ដែរថា ចាប់ផ្ដើមផ្ដល់ពាក្យពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ នេះរហូតដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ហើយទទួលពាក្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅឯស្នងការនគរបាលខេត្តរតនគិរី សម្រាប់ការប្រឡងនឹងមានការជូនដំនឹងតាមក្រោយ។ ការផ្ដល់ពាក្យនេះត្រូវបានបែងចែកជា ៣ ដំណាក់កាលដូចមានភ្ជាប់ជូនក្នុងសេចក្ដីជូនដំណឹង ៕

ប្រភព ៖ នគរបាលខេត្តរតនៈគិរី