Redmi Note 12 Pro+ និង 12 Pro ចេញផ្លូវការ ប្រើកាមេរ៉ា 200MP

0
11

ស្មាតហ្វូន Redmi Note 12 Pro+ និង 12 Pro បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងសមត្ថភាពមិនធម្មតា។ ពួកវាមានលក្ខណៈពិសេសសឹងតែស្រដៀងគ្នា ជាមួយនឹងអេក្រង់ទមហំ ៦,៦៧អ៊ីញ OLED មានកម្រិតបង្ហាញរូបភាព FHD+ និងល្បឿន 120Hz refresh rate។ ពួកវាមានបំពាក់បន្ទះឈីប Dimensity 1080 និង RAM ដល់ 12GB ព្រមទាំងទំហំផ្ទុក 256GB។

ទោះបីជាយ៉ាងណាក៏ដោយ ម៉ូដែល Pro+ មានប្រព័ន្ធកាមេរ៉ាប្រសើរជាង ហើយវាគឺជាស្មាតហ្វូន Redmi ដំបូងបង្អស់ ដែលបំពាក់សេនស័រទំហំ 200MP ជាមួយនឹងបច្ចេកវិទ្យា 16-to-1 pixel binning និងមុខងារ QPD autofocus។ កាមេរ៉ានេះអាចថត HDR, 14-bit color depth ក៏ដូចជាវីដេអូកម្រិត 8K 30fps និង 4K 120 fps ផងដែរ ប៉ុន្តែគួរឲ្យសោកស្តាយ បន្ទះឈីប Dimensity 1080 អាចឲ្យវាថតវីដេអូត្រឹម 4K ប៉ុណ្ណោះ។

ដោយឡែក ចំពោះ Redmi Note 12 Pro វិញបំពាក់កាមេរ៉ាមេ 50MP មានមុខងារទប់លំនឹង OIS។ កាមេរ៉ា ២គ្រាប់ទៀតគឺដូចគ្នា ដោយមួយជា Ultrawide 8MP និងមួយទៀតជាសេនស័រវាស់ជម្រៅ 2MP ខណៈកាមេរ៉ាមុខរបស់ពួកវាក៏មានទំហំ 16MP ដូចគ្នាផងដែរ។

ទាំង Redmi 12 Pro និង Pro+ ប្រើថ្មទំហំ 5000mAh ដោយម៉ូដែល Pro អាចសាកល្បឿន 67W ឯម៉ូដែល Pro+ អាចសាកល្បឿន 120W។ ពួកវារត់ដោយប្រព័ន្ធប្រតិបត្តិការណ៍ MIUI 13 លើ Android 12 ហើយនៅតែរក្សារន្ធដោតកាសដដែល។

សូមបញ្ជាក់ថា Redmi Note 12 Pro+ មាន ៤ ជម្រើស គឺ ពណ៌ស, ខ្មៅ, ខៀវ និង Yibo Edition (ពណ៌បៃតងខ្មៅ) ហើយមានតម្លៃចាប់ពីខ្ទង់ ៣០០ដុល្លារ (8GB/256GB) និង តម្លៃ ៣៣០ដុល្លារ (12GB/256GB)។

ដោយឡែក ចំពោះ Redmi Note 12 Pro វិញ មានតម្លៃចាប់ពីខ្ទង់ ២៣៥ដុល្លារ (6GB/128GB), ២៥០ដុល្លារ (8GB/128GB), ២៧៥ដុល្លារ (8GB/256GB) និង ៣០៥ដុល្លារ (12GB/256GB)៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena