លោក​ នឹម​ ឈុន្នី​ ចែករំ​លែក​​វិធី​ថែរក្សា​ផ្លូវ​ចិត្ត​អំឡុង​ពេល​ជំងឺកូវីដ​-១៩

0
1106

​ជំងឺ​កូវីដ-១៩​ បាន​កំពុង​រាត​ត្បាត​ទូ​ទាំង​ពិ​ភព​លោក​ ក្នុង​នោះប្រទេស​​កម្ពុជា​ក៏​ជា​ប្រទេសមួយ​ក្នុង​ចំ​ណោម​ប្រទេស​ជា​ច្រើន​ផ្សេងទៀត​​ដែល​​រងគ្រោះពី​ជំ​ងឺ​នេះ​ផង​ដែរ។​ សាលារៀន​និង​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ដំណើរ​ការ​តាម​ប្រព័ន្ធ​អ៊ីន​ធើណេត​នៅឡើយ​ ដែល​ធ្វើ​ឱ្យ​សិស្សា​នុសិស្ស​និង​អ្នកធ្វើការ​នៅ​ផ្ទះ​មាន​អារម្មណ៍​តាន​តឹង​និង​ស្រ្ដេស​ជា​ដើម។ ​

ហេតុ​ដូច​នេះ​លោក​ នឹម​ ឈុន្នី​​ ដែល​ជា​នាយក​ប្រ​តិបត្តិ​ ក្លឹប​សហ​គ្រិន​មូលដ្ឋាន ក៏​ដូចជា​សហ​និពន្ធ​សៀវ​ភៅ​          «សមាធិ​ដើម្បី​ថាម​ពល​ជីវិត​» បាន​ចែក​រំ​លែក​នូវ​វិធីមួ​យ​ចំ​នួន​ដើម្បី​​ថែរក្សា​ផ្លូវ​ចិត្ត​អំ​ឡុង​ពេល​កូវីដ​-១៩។

លោក​​ ឈុន្នី បាន​​ប្រាប់​ Akhara ​ថា​៖ «​យើង​គួរតែ​រៀន​ផ្លាស់​ប្ដូរ​របត់​គំនិត​នៃការ​រស់​នៅ​ ធម្មតា​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​យើង​មាន​ការ​ព្រួយ​បារម្ភ​ ភ័យ​ខ្លាច តានតឹង​កាន់​តែខ្លាំង​ មាន​ន័យ​ថា​យើង​បាត់​បង់​យុទ្ធិសាស្រ្ត​ក្នុង​ការ​ឆ្លើយ​តប​ទៅ​បញ្ហា»។

គ្រូ​បង្រៀន​សមាធិ​វ័យ​ ៣៨ឆ្នាំ​រូប​នេះបានបន្ត​​លើក​ឡើង​ថា​ ការ​បណ្ដុះមេត្តា​ចិត្ត​និង​គុណ​ធម៌​តាម​រយៈ​​​​ការ​ចែក​រំ​លែក​គឺ​ជា​រឿ​ង​សំខាន់​នៅ​ក្នុង​កាលៈ​ទេសៈដ៏​លំ​បាក​​​នេះ ដោយ​ការ​ចែក​រំ​លែក​​​​សម្ភារៈ ថែរក្សា​មនុស្ស​ជុំ​វិញ​ខ្លួន ឱ្យ​តម្លៃ​គ្នា​ ក៏ដូចជា​ការ​និយាយ​ស្ដី​ដោយ​ការ​លើក​ទឹកចិត្ត​តាមរយៈ​ពាក្យ​សម្ដី​។

លោក​និយាយថា​ ការ​ឆ្លុះ​បញ្ជាំង​ពី​ខ្លួនឯង​តាម​រយៈ​ការធ្វើ​​សមាធិ​ជា​ប្រចាំ​នឹង​បង្កើត​លំនឹង​ផ្លូវ​ចិត្ត បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ​។ បន្ថែម​ពីនេះ​ ការ​ធ្វើ​លំ​ហាត់​ប្រាណ​ជា​ប្រចាំ​ក៏​ដើរ​តួ​សំ​ខាន់​ក្នុង​ការ​ថែរក្សា​ផ្លូវ​ចិត្តផង​ដែរ​ ពី​ព្រោះ​​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​ច្រើន​​នឹង​បណ្ដាល​ឱ្យ​មាន​អារម្មណ៍​ម៉ូម៉ៅ​​និង​តប់​ប្រមល។

លោក​លើក​ឡើង​ថា៖«​ការ​ធ្វើ​សមាធិ​ ការ​ធ្វើ​លំ​ហាត់​ប្រាណ​ ការ​ឆ្លុះ​បញ្ជាំង​ពី​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ​ជា​រឿង​គួរ​បន្ត​វា​ជា​ប្រចាំ​ ទោះជា​នៅ​ក្នុង​កាលៈ​ទេសៈ​លំ​បាកនឹង​ក៏​ដោយ​ ឬមួយ​ពេល​កូវីដ​ត្រលប់​ទៅ​វិញ​ក៏​ដោយ​»។

ក្រៅ​ពី​ចែក​រំ​លែក​ពី​វិធី​ថែរក្សា​ផ្លូវ​ចិត្តអំឡុង​ពេល​នៅផ្ទះ​ លោក​ ឈុន្នី​ ក៏​បាន​ចែក​រំ​លែក​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​លោក​ផង​ដែរ​។ ជា​រៀង​រាល់​ព្រឹកពេល​​លោក​ភ្ងាក់​ពី​ដំ​ណេក​ លោក​តែង​អង្គុយ​នៅលើ​គ្រែ​រយៈ​ពេល​១ទៅ​២​នាទី​ ដើម្បី​សម្រួម​ចិត្ត​ ធ្វើ​ការ​ដឹង​គុណ​ និងអង្គុយ​​ញញឹម​ជា​មុន​សិន​។

បន្ទាប់​មក​រូបលោក​អង្គុយ​ធ្វើ​សមាធិ​ពី​១០​ទៅ​៣០​នាទី​ ដើម្បី​ធ្វើ​ការ​ឆ្លុះ​បញ្ជាំង​ពី​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ថា​កិច្ចការ​ណា​លោក​គួរ​ធ្វើ​និង​កិច្ច​ការ​ដែល​លោក​គួរ​ពន្យា​ ជាចុងក្រោយ​ទើប​លោក​ដាក់​ទឹក​ថ្វាយ​ព្រះ។

លោក​ ឈុន្នី​ បានលើក​ឡើង​ថា ​​តាមរយៈ​ពុទ្ធសាសនា​យើង​ត្រូវ​រៀន​ទទួល​ស្គាល់​ថា​បញ្ហាកើត​ឡើង​ទាំង​ឡាយ​ យើង​មិន​អាច​ប្រតិ​កម្ម​ទៅ​លើ​បញ្ហា​នោះទេ​ ដូច្នេះ​យើង​គួរ​រៀន​ផ្លាស់​ប្ដូរ​របត់​គំនិត​នៃ​ការ​រស់​នៅ ដោយ​ព្យា​យាម​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ពី​ការ​គិត​រឿង​លំបាក​និង​តានតឹង ​មក​គិត​ពី​រឿង​ដែល​យើង​អាច​ធ្វើ​បាន​វិញ​​៕

ដោយ​៖បៀន​ សីនៈ​