លោក នឹម ឈុន្នី ឆ្លង​កាត់បទ​ពិសោធន៍​ច្រើន​ទាក់ទង​នឹង​ការ​អប់​រំ​ផ្លូវ​ចិត្ត​​​ ​

0
143

លោក​នឹម​ ឈុន្នី​ គឺជា​គ្រូបង្វឹក​សមាធិ​ម្នាក់​​ដែល​បាន​ឆ្លង​កាត់​បទ​ពិសោធន៍ជា​​ច្រើន​ទាក់​ទង​នឹង​ការអប់​រំ​ផ្លូវ​ចិត្ត​និង​សតិ​អារម្មណ៍​។ បច្ចុប្បន្ន​លោក​គឺ​ជា​នាយក​ប្រតិបត្តិម្នាក់​​បង្វឹក​បង្ហាត់​ទៅលើ​ការ​អប់​រំ​ផ្លូវ​ចិត្ត​និង​ភាព​ជា​សហគ្រិនដល់​ម្ចាស់​អាជីវកម្ម​ជាដើម​​ ជាមួយ​គ្នានេះ​ដែរ​លោក​ក៏ជា​សហនិពន្ធ​សៀវភៅ ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​ធ្វើ​សមាធិ​សម្រួម​អារម្មណ៍​។ លោក​បាន​បង្កើត​សមាគមន៍​មួយ​ដែល​ក្នុង​នោះ ​លោកបាន​​ចំ​ណាយពេល​ទំ​នេរ​ពី​ការងាររបស់​លោក​​ដើម្បី​បង្រៀន​សមាធិ​ដល់​អ្នក​ចូល​រួម​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណេត​ផងដែរ។

លោក ឈុន្នី ​បាន​ចំ​ណាយ​ពេល​វេ​លា​សាង​ផ្នួស​អស់​រយៈ​ពេល​ ១៦​ឆ្នាំ​ តាំង​ពី​លោក​នៅ​វ័យ​កុមារ​ភាព​មក​ម្លេះ​ រហូត​ដល់​ឆ្នាំ​ ២០១០ ទើ​ប​លោក​​លា​ចាក​សិក្ខាបទ​។ កំឡុង​ពេល​​សាង​ផ្នួស​ លោក​បាន​ធ្វើ​ដំ​ណើរ​ទៅ​កាន់​បណ្ដា​ប្រទេស​ក្នុង​អាស៊ី​អាគ្នេយ៍​ សហរដ្ឋ​អាមេរិក​ និង​ ប្រទេស​ជប៉ុន ក្នុង​នោះ​កិច្ចការមួយ​ចំនួន​​ដែល​លោក​បាន​ធ្វើ​គន្លង​មកច្រើន​ពាក់​ព័ន្ធ​នឹង​ការ​បង្រៀន​ភាព​ជា​អ្នក​ដឹក​នាំ​ និង​ការ​អភិ​វឌ្ឍន៍​ផ្លូវ​ចិត្ត​។

បន្ថែម​ពី​នេះ​លោក​ ឈុន្នី​ ក៏​បានបង្រៀន​ផ្នែក​ទស្សនៈ​វិទ្យា​ក្នុង​ពុទ្ធ​សាសនា​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត​ នៅ​សាកល​វិទ្យា​ល័យ​​ឈៀង​ម៉ៃ​ ប្រទេស​ថៃ​ផងដែរ​។ ដោយ​ធ្លាប់​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ជាច្រើនទាក់​ទង​នឹងការ​អប់​រំ​ផ្លូវ​ចិត្ត​និង​ភាព​ជា​សហគ្រិន​ ​បច្ចុប្បន្ន​លោក​​ ឈុន្នី​ ក្នុង​វ័យ ៣៨ឆ្នាំ គឺ​ជា​នាយក​ប្រតិបត្តិ​ ក្លឹប​សហគ្រិន​មូលដ្ឋាន​ (Grassroots Entrepreneurs) ដែល​ជា​ក្លឹប​សម្រាប់​សមាជិក​ដូច​ជា​ សហគ្រិន ​ពាណិជ្ជករ និង​ភ្នាក់​ងារ​នៅ​តាម​ទី​ប្រជុំនិង​ជន​បទ​ជាដើម។

លោកបំ​ពេញ​កិច្ច​ការ​ទៅ​លើ​ ការ​បណ្ដុះ​បណ្ដាល​ភាព​ជា​អ្នក​ដឹកនាំ​និង​អភិវឌ្ឃន៍​ផ្លូវ​ចិត្តសតិ​អារម្មណ៍​ នៅ​តាម​បណ្ដា​អង្គភាព​មួយ​ចំនួន ក្នុង​នោះ​មាន​ដូច​ជា​ គ្រុឌ ផៅវ័រ (Krud Alliance Power) ដែល​ជា​ដៃ​គូ​ការងារ​ធំ​របស់​ ក្លឹប​សហគ្រិន​។ លើសពី​នេះលោកក៏ជា នាយកប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​បណ្ដុះ​បណ្ដាល​ វិបស្សា (VIPASSA) ដែលជាក្រុម​​ហ៊ុន​បណ្ដុះបណ្ដាល​ជំនាញ​និង​គ្រូ​បង្វឹក​ក្នុងការ​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹក​នាំ​និង​សមាធិផងដែរ។

លោក​បាន​ចូល​រួម​ជា​សហ​និពន្ធ​ សៀវភៅ​ «សមាធិដើម្បី​ថាមពល​ជីវិត​» ជាមួយ​ភិក្ខុ​ដិរប្ប​ញ្ញោ គូ សុភាព​។ បច្ចុប្បន្ន​ក្រៅ​ពី​ការងារ​ជា​នាយក​ប្រតិបត្តិ​ លោក​ ឈុន្នី​ ឆ្លៀតពេល​វេលា​បង្រៀន​សមាធិ​ដល់​កូន​សិស្ស​ ​អ្នក​ចូល​រួម​តាម​បណ្ដាយ​សង្គម​ និង​ប្រព័ន្ធ​អ៊ីន​ធឺ​ណេត​ផងដែរ។

បើ​ទោះ​បី​ជា​មាន​ការ​មមាញឹក​នឹង​ការងារ​ប្រចាំថ្ងៃ​យ៉ាង​ណា​ក៏ដោយ​ក៏​លោក​នៅ​តែឆ្លៀតពេល​ទំ​នេរ​​រៀង​រាល់​សប្ដាហ៍​ដើម្បី​បង្រៀន​សមាធិ​ដល់​អ្នក​ចូល​រួម​ ក្នុង​គោល​បំ​ណងបង្កើត​សមាគមន៍​មួយ​បណ្ដុះ​បណ្ដាល​អំពី​ការ​គ្រប់​គ្រង​ផ្លូវ​ចិត្ត​ និង​ជាពិសេស​​​ចែក​រំលែក​អំពី​ការ​អនុវត្ត​ន៍​ធ្វើ​សមាធិ​ក្នុង​ការ​ដឹក​នាំជីវិត​ប្រចាំ​ថ្ងៃ​និង​​គ្រួសារផងដែរ៕

ដោយ៖ បៀន សីនៈ

​​