ក្រុមហ៊ុន Huawei បានប្រកាសចេញ Laptop ទំហំ ១៦អ៊ីញដំបូងបង្អស់របស់ខ្លួនជាផ្លូវការ ហៅថា Huawei MateBook 16។
Huawei MateBook 16 ប្រើអេក្រង់ IPS LCD ទំហំ ១៦អ៊ីញ មានកម្រិតបង្ហាញ 2520x1680px (189ppi), 1500:1 contrast ratio និង កម្រិតពន្លឺ peak brightness 300 nits។ វាគាំទ្រមុខងារ HDR ហើយថែមទាំងអាច Touchscreen និងមានថ្នាំការពារអេក្រង់ទៀតផង។
Laptop នេះបំពាក់ CPU Ryzen 5 5600H និង Ryzen 7 5800H ដែលមាន 6 cores, 12 threads និង 8 cores, 16 threads ជាមួយនឹង built-in Vega GPU ដែលមាន 7 CU និង 8 CU។ មិនតែប៉ុណ្ណោះ វាក៏មានប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីន ដោយរួមមានកង្ហា 75mm ចំនួន ២, បំពង់បញ្ចុះកម្តៅ ចំនួន ២ និង ស្ពាន់បញ្ចុះកម្តៅមួយ ផងដែរ។ បន្ទះឈីប Ryzen APU ទាំងនេះ នឹងដំណើរការជាមួយ RAM 16GB DDR4 និងទំហំផ្ទុក 512GB NVMe SSD។
Huawei MateBook 16 បំពាក់ថ្មទំហំ 84Wh ដែលអាចស៊ូបាន ១២,៥ម៉ោង ហើយអាចសាកថ្មល្បឿន 135W ដែលប្រើពេលត្រឹម ១៥នាទីប៉ុណ្ណោះ អាចប្រើបាន ៣,៥ម៉ោងវិញ។ ក្រៅពីនោះ វាក៏មានគាំទ្រ Wi-Fi 6, Bluetooth 5.1 និង ទ្រនាប់ស្កេនម្រាមដៃ នៅលើប៊ូតុន Power ទៀតផង។
សូមបញ្ជាក់ថា Huawei MateBook 16 នឹងចេញលក់ឆាប់ៗនេះនៅលើទីផ្សារអឺរ៉ុប ក្នុងតម្លៃ ១ ២៧០ដុល្លារ សម្រាប់ម៉ូដែល Ryzen 5 5600H និង ១ ៣៩០ដុល្លារ សម្រាប់ម៉ូដែល Ryzen 7 5800H៕
ដោយ ៖ យ៉ាយ៉ា
ប្រភព ៖ gsmrena