Moto G82 ចេញផ្លូវការ ប្រើកាមេរ៉ា 50MP មានមុខងារ OIS ថ្មធំ តម្លៃត្រឹម ៣៤០ដុល្លារ

0
91

ក្រុមហ៊ុន Motorola បានប្រកាសចេញស្មាតហ្វូនកម្រិតថវិកាថ្មីរបស់ខ្លួនមួយទៀត ហៅថា Moto G82។ ស្មាតហ្វូននេះមានបំពាក់កាមេរ៉ាមេទំហំ 50MP ជាមួយនឹងមុខងារទប់លំនឹង OIS, អេក្រង់ OLED និងថ្មធំ ដែលជាចំណុចពិសេសរបស់វា។

Moto G82 ប្រើអេក្រង់ទំហំ ៦,៦អ៊ីញ OLED មានកម្រិតបង្ហាញរូបភាព Full HD+ ជាមួយនឹងល្បឿន 120Hz refresh rate និង 100% DCI-P3 gamut coverage ទៀតផង។ បន្ទះ OLED របស់វាអនុញ្ញាតឲ្យ Motorola អាចញាត់ទ្រនាប់ស្កេនម្រាមដៃនៅខាងក្រោមនោះបាន ប៉ុន្តែ Moto G82 បែរជាប្រើទ្រនាប់ស្កេនម្រាមដៃនៅផ្នែកចំហៀង ជាមួយនឹងប៊ូតុង Power ទៅវិញ។

ស្មាតហ្វូនកម្រិតថវិកានេះបំពាក់បន្ទះឈីប Snapdragon 695 ជាមួយនឹងជម្រើស RAM 6GB និងទំហំផ្ទុក 128GB ដែលអាចញាត់បន្ថែមតាមរន្ធ micro SD បាន។

ក្រឡេកទៅមើលខ្នងខាងក្រោយវិញ Moto G82 ប្រើកាមេរ៉ាទំហំ 50MP ជាមួយនឹងមុខងារទប់លំនឹង optical image stabilization ព្រមទាំងកាមេរ៉ា Ultrawide 8MP អាចថតមុំទូលាយ ១១៨ដឺក្រេ និង កាមេរ៉ា Macro 2MP។ ចំណែកឯកាមេរ៉ាមុខវិញមានទំហំ 16MP។

Moto G82 ប្រើថ្មទំហំ 5000mAh និងគាំទ្រកម្លាំងសាក 30W ហើយក៏មានរន្ធដោតកាស 3.5mm និងរត់ដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 12។ វាមានជម្រើស ២​ពណ៌ គឺ ប្រផេះ និង ស ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ៣៤០ដុល្លារ សម្រាប់ទីផ្សារអឺរ៉ុប៕

ដោយ ៖ យ៉ាយ៉ា

ប្រភព ៖ gsmarena